ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ

04-Dec-2024
37

សហព័ន្ធ​កីឡាបាល់ទាត់អន្តរជាតិ (FIFA) បាន​ទទួល​ស្គាល់​កីឡាករ​បរទេស​ចូល​សញ្ជាតិ​ខ្មែរ​ដើម្បី​លេង​តំណាង​ឲ្យ​ជម្រើស​ជាតិ​ជា​ផ្លូវ​ការ​ហើយ។

តាម​សេចក្តី​ប្រកាស​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤​ ថា សហកីឡាករ​បរទេស​ចូល​សញ្ជាតិ​ខ្មែរ​ថ្មី​៣​រូប​ទទួល​បាន​ការ​យល់​ព្រម​ជា​ផ្លូវ​ការ​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​ហើយ។

កីឡាករ​ខ្សែ​ប្រយុទ្ធ​ Abdel Kader Coulibaly ដើម​កំណើត​កូតឌីវ័រ របស់​ក្លិប​អាយ​អេសអាយ ដង្កោសែន​ជ័យ ខ្សែ​ប្រយុទ្ធ​ Andrés Nieto ដើម​កំណើត​កូឡុំប៊ី របស់​ភ្នំពេញ​ក្រោន ​និង​ខ្សែ​ការពារ​ Takaki Ose ដើម​កំណើតជប៉ុន របស់​ភ្នំពេញ​ក្រោន មាន​សិទ្ធិ​គ្រប់​គ្រាន់​តាម​ផ្លូវ​ច្បាប់​សម្រាប់​តំណាង​ជម្រើស​ជាតិ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។

កីឡាករ​​ចូល​សញ្ជាតិ​ខ្មែរ​ទាំង​៣​នឹង​ក្លាយ​ជា​កម្លាំង​សំខាន់​​បន្ថែម​លើខ្សែ​បម្រើចូល​សញ្ជាតិ យូឌៃ អូកាវ៉ា របស់​ភ្នំពេញ​ក្រោន, ខ្សែ​ការពារ កាន់ ម៉ូ របស់​វិសាខា និង​ខ្សែ​ការពារ មីហ្ស៊ូណូ ហ៊ីការ៉ុ របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​ពាន​រង្វាន់ ASEAN Mitsubishi Electric Cup ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ជា​មួយ ម៉ាឡេស៊ី នៅ​ពហុកីឡដ្ឋានជាតិ​អូឡាំពិក។

តាម​សមត្ថភាព​ដែល​ពួក​គាត់​បង្ហាញ​ខ្លួន​ក្នុង​លីគ​កំពូល​កម្ពុជា​រយៈ​ពេល​៥​ឆ្នាំ​កន្លង​ទៅ​គឺ​ល្អ​គ្រប់​គ្រាន់​ឲ្យ​កម្ពុជា​អាច​មាន​លទ្ធផល​ល្អ​សម្រាប់​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ ប៉ុន្តែ​អ្វី​ដែល​ថ្មីគឺ​ពួក​គាត់​មិន​ទាន់​បាន​លេង​ជា​មួយ​គ្នា​ជា​ក្រុម​ឡើយ។

ការបញ្ចូល​កីឡាករ​បរទេស​ក្នុង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​តាម​រយៈ​ការ​ផ្តល់​សញ្ជាតិ​មិន​មែន​ជា​រឿង​ថ្មី​ទេ​នៅ​ក្នុង​វិស័យ​បាល់ទាត់។ ប្រទេស​ជា​ច្រើន​​នៅ​ក្នុង​ពិភព​លោក ​បាន​ប្រើវិធី​សាស្ត្រ​នេះ ​ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន បើ​ទោះ​បី​ជា​ប្រទេស​ទាំង​នោះ​ មាន​លីគ​អាជីព​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក និង​សំបូរ​កីឡាករ​ល្អ​ៗ ​លំដាប់​ពិភព​លោក​ក៏​ដោយ៕

បញ្ចេញមតិ

អត្ថបទទាក់ទង