លោក Ten Hag ទៅមើលបាល់នៅលីគហូឡង់លើកដំបូង ចាប់តាំងពីបាត់បង់ការងារនៅ Man Utd

05-Nov-2024
68

លោក Erik ten Hag មានវត្តមាននៅក្នុងការប្រកួតបាល់ទាត់ក្នុងលីគកំពូលហូឡង់ Eredivisie ចាប់តាំងពីបាត់បង់តំណែងអ្នកចាត់ការនៅក្នុងក្លិប Manchester United រយៈពេល ៥ថ្ងៃ។

បុរសសញ្ជាតិហូឡង់ កាលពីថ្ងៃទី២៨ ខែតុលា ត្រូវបានក្លិបរហស្សនាមបិសាចក្រហមបញ្ចប់តំណែង បន្ទាប់ពីក្រុមបានប្រកួតចាញ់ក្រោមថ្វីជើងក្រុម West Ham United លទ្ធផល ២-១ នៅក្នុងក្របខណ្ឌ Premier League។ ការបញ្ចប់តំណែងរបស់លោក Ten Hag ទៀតសោត ក៏ធ្វើឡើងក្រោយពេលមានការកោះហៅកិច្ចប្រជុំភ្លាមៗពីសំណាក់គណៈគ្រប់គ្រងក្លិប រួមជាមួយនឹងសហម្ចាស់ក្លិបថ្មីក្រុមហ៊ុន INEOS ទាក់ទងនឹងស្ថានភាពក្លិបមិនល្អនៅដើមរដូវកាលថ្មី។
 
លោក Ten Hag ទោះបីជាមិនមានការងារនៅក្នុងបាល់ទាត់ក៏ដោយ ប៉ុន្តែអតីតគ្រូ Ajax មិនបានទៅណាឆ្ងាយពីបាល់ទាត់ឡើយ ដោយលោកត្រូវបានគេឃើញទៅទស្សនាការប្រកួតមួយរវាងក្រុម Heracles Almelo បានយកឈ្នះក្រុម NAC Breda លទ្ធផល ២-០ នៅក្នុងកីឡដ្ឋាន Erve Asito កាលពីថ្ងៃទី២ ខែវិច្ឆិកា។ ការប្រកួតរបស់ក្លិបស្ថិតក្នុងលីគកំពូលប្រទេសហូឡង់ ក៏ជាការបង្ហាញខ្លួនដំបូងរបស់លោក Ten Hag នៅក្នុងការប្រកួតបាល់ទាត់ ចាប់តាំងពីបាត់បង់តំណែងនៅក្នុងក្លិប Man Utd។
 
រំលឹកទៅពេលវេលារបស់លោក Ten Hag នៅក្លិបបិសាចក្រហម បុរសវ័យ ៥៤ឆ្នាំ ដឹកនាំក្រុមរយៈពេលជាង ២រដូវកាល ដោយនាំក្រុមឈ្នះពានរង្វាន់ចំនួន ២​ រួមមាន EFL Cup និង FA Cup ប៉ុន្តែនៅក្នុងរដូវកាលថ្មី ២០២៤-២៥ ក្រុមបានបង្ហាញទម្រង់លេងអាក្រក់បំផុតនៅការប្រកួតចំនួន ៩លើក ដើមរដូវកាល ហើយឈរនៅចំណាត់ថ្នាក់លេខ ១៤ របស់ Premier League។

រយៈពេលជាង ២ឆ្នាំ ទៀតសោត​ គម្រោងកសាងក្រុមបិសាចក្រហមឡើងវិញ របស់លោក Ten Hag តែងតែត្រូវបានរងការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្រ ទោះជាលោកបានចំណាយប្រាក់ជាង ៧០០លានដុល្លារ នាំយកកីឡាករជាច្រើនមកពង្រឹងក្រុម។
 
ក្រោមការដឹកនាំរបស់បុរសសញ្ជាតិហូឡង់ ក្លិប Man Utd បានជួបប្រទះកំណត់ត្រាអាក្រក់ជាច្រើន មិនធ្លាប់កើតមានរយៈពេលជាងច្រើនឆ្នាំ ក្នុងប្រវត្តិសាស្ត្រក្លិប តួយ៉ាងកាលរដូវកាលមុនក្លិបស្ថិតនៅចំណាត់ថ្នាក់លេខ ៨ និងជាកំណត់ត្រាលើកដំបូងសម្រាប់ក្រុមបិសាចក្រហមរយៈពេលជាង ១០០ឆ្នាំ ក្នុងលីគបាល់ទាត់អង់គ្លេស។
 
មិនរង់ចាំយូឡើយ ក្រោយពីបញ្ចប់តំណែងលោក Ten Hag ក្លិប Man Utd ក៏បានស្វែងរកអ្នកមកជំនួសតំណែងជាគ្រូបង្វឹក គឺលោក Ruben Amorim អ្នកចាត់ការក្រុម Sporting CP របស់ប្រទេសព័រទុយហ្កាល់។ គ្រូបង្វឹកថ្មីវ័យ ៣៩ឆ្នាំ ក៏នឹងក្លាយជាគ្រូបង្វឹកវ័យក្មេងជាងគេបង្អស់ ដឹកនាំក្រុម Man Utd បើរាប់ចាប់តាំងពីឆ្នាំ ១៩៦០មក។
 
គ្រូបង្វឹកវ័យក្មេងសញ្ជាតិព័រទុយហ្កាល់ទៀតសោត ក៏ទទួលបានកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះជាមួយនឹងក្រុម Man Utd ក្រោយពីក្រុមយក្សប្រចាំប្រទេសអង់គ្លេសបានផ្តាច់កុងត្រារបស់លោក Amorim ជាមួយនឹងក្លិប Sporting Cp ជាមួយទឹកប្រាក់ជាង ១០លានដុល្លារ។ លោក Amorim ទៀតសោតក៏ត្រូវបានគេផ្សព្វផ្សាយថានឹងមកដឹកនាំក្រុមបិសាចក្រហមនៅអំឡុងថ្ងៃការប្រកួតបាល់ទាត់អន្តរជាតិ (FIFA Day) ខណៈបច្ចុប្បន្នក្លិបកំពុងស្ថិតក្រោមការដឹកនាំរបស់លោក Ruud Van Nistelrooy បណ្តោះអាសន្ត៕

បញ្ចេញមតិ

អត្ថបទទាក់ទង