Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់

14-Aug-2024
64

តារាឆ្នើមរបស់ Real Madrid ដែលស៊ុតបញ្ចូលទីបាន ២៤គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១១គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៩ប្រកួតកាលពីរដូវកាលមុន ហើយបានជួយក្រុមឱ្យលើកពាន La Liga និង Champions League នឹងទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ពីអារ៉ាប៊ីសាអូឌីត។

យោងទៅតាម ESPN បានឱ្យដឹងថា អារ៉ាប៊ីសាអូឌីតកំពុងរៀបចំជះលុយទៅលើ Vinicius វ័យ ២៤ឆ្នាំ ក្នុងគោលបំណងយករូបគាត់ចេញពីទឹកដីកីឡដ្ឋាន Bernabeu។

តួលេខនៃតម្លៃខ្លួន គឺពិតជាសម្បើមអស្ចារ្យ ជិត ៣០០លានផោនក្នុងមួយឆ្នាំ ២៥លានផោនក្នុងមួយខែ 800,000ផោនក្នុងមួយថ្ងៃ និងជិត ១០ផោនក្នុងមួយវិនាទី។

លក្ខខណ្ឌផ្សេងទៀតក៏ត្រូវបានរួមបញ្ចូលផងដែរ នៅក្នុងកិច្ចព្រមព្រៀង ដែលនឹងមានសុពលភាពរហូតដល់ឆ្នាំ២០២៩។

មូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ហៅកាត់ (PIF) ដែលជាម្ចាស់ភាគហ៊ុន ៧៥ភាគរយ នៃក្លឹប Al Ahli, Al Ittihad, Al Hilal និង Al Nassr បានពិភាក្សាអំពីការផ្ទេរនេះជាមួយនិង Real Madrid ប៉ុន្តែក្លឹបយក្សអេស្ប៉ាញមិនចង់ឱ្យ Vinicius ចាកចេញទេ។

Real ក៏អាចនឹងទាមទារលក្ខខណ្ឌទិញផ្តាច់ 850លានផោន របស់ Vinicius ផងដែរ។ ក៏ប៉ុន្តែសំណើជាផ្លូវការមិនទាន់ត្រូវបានដាក់ជូននៅឡើយទេ៕

បញ្ចេញមតិ

អត្ថបទទាក់ទង