Julián Álvarez អាចនឹងចាកចេញពី Atlético Madrid

19-Mar-2025
55

Liverpool ប្តេជ្ញាពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន សម្រាប់រដូវកាលខាងមុខ ហើយបានកំណត់គោលដៅរបស់ខ្លួនលើ Julián Álvarez ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនដែលកំពុងរះឡើងនៅ Atlético Madrid បន្ទាប់ពីចាកចេញពី Man City បានក្លាយជាជម្រើសកំពូលសម្រាប់ក្លឹបហង្សក្រហម។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ បានមកដល់ Atlético កាលពីរដូវក្តៅមុន ក្នុងការផ្លាស់ប្តូរតម្លៃជិត ៨០លានអឺរ៉ូ។ ការលេងរបស់ Álvarez នៅក្របខ័ណ្ឌ Champions League ដែលគាត់ស៊ុតបញ្ចូលទីបាន ៧គ្រាប់ និង assist ១ គ្រាប់ បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅអឺរ៉ុបជាច្រើន ជាពិសេសក្លឹបនៅក្របខ័ណ្ឌ Premier League។

យោងតាមប្រភពព័ត៌មានថ្មីៗនេះ ពីប្រទេសអង់គ្លេស Liverpool បានចាប់ផ្តើមទំនាក់ទំនងរួចទៅហើយ ចំពោះការចុះហត្ថលេខារបស់គាត់។ អ្នកគ្រប់គ្រងក្លឹបដែលដឹកនាំដោយលោក Richard Hughes បានធ្វើដំណើរទៅកាន់ទីក្រុង Madrid ដើម្បីជួបជាមួយអ្នកតំណាងរបស់កីឡាករ និងវាយតម្លៃពីលទ្ធភាពនៃប្រតិបត្តិការនេះ។

គេប៉ាន់ប្រមាណថា ក្រុមហង្សក្រហមសុខចិត្តផ្តល់ជូនច្រើនជាង ១០០លានអឺរ៉ូ ទោះបីជាលក្ខខណ្ឌបញ្ចប់កុងត្រារបស់កីឡាករមានចំនួន ១៥០លានក៏ដោយ។

ខណៈដែលការចាកចេញរបស់ Darwin Núñez និង Diogo Jota អាចនឹងកើតឡើង រួមជាមួយនឹងភាពមិនច្បាស់លាស់អំពីការបន្តរបស់ Mohamed Salah បាននាំឱ្យ Liverpool ធ្វើការស្វែងរកកីឡាករថ្មី។  Álvarez ពិតជាសាកសមឥតខ្ចោះទៅក្នុងទម្រង់ ដែលក្រុមហង្សក្រហមចង់បាន ហើយបានក្លាយជាជម្រើសអាទិភាពសម្រាប់ក្លឹប ក្នុងទីផ្សារដោះដូរកីឡាករផងដែរ៕

បញ្ចេញមតិ

អត្ថបទទាក់ទង