Riccardo Calafiori នឹងចូលរួមជាមួយ Arsenal ដោយផ្ទេរពី Bologna

23-Jul-2024
97

Arsenal ត្រូវបានគេរាយការណ៍មកថា បានឈានដល់ការបញ្ចប់នាំយក Riccardo Calafiori បន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀងជាមួយ Bologna លើតម្លៃផ្ទេរដែលនឹងបញ្ជូនខ្សែការពាររូបនេះ ទៅកាន់ទឹកដីភាគខាងជើងទីក្រុងឡុងដ៍។

យោងទៅតាមប្រភពព័ត៌មានបាល់ទាត់លោក Fabrizio Romano គឺក្លឹបទាំងពីរបានយល់ព្រមលើតម្លៃផ្ទេរ ៤៩ លានដុល្លារ ដែលរួមបញ្ចូលទាំងទឹកប្រាក់ ៥.៤ លានដុល្លារលើអត្ថប្រយោជន៍បន្ថែម។

ជំហានចុងក្រោយក្នុងដំណើរការដោះដូរនេះ គឺតម្រូវឱ្យ Basel និង Bologna យល់ព្រមលើលក្ខខណ្ឌ នៃការលក់ ៥០ភាគរយ ទៅលើលក្ខខណ្ឌទូទាត់ មុនពេលដែល Calafiori អាចចូលរួមជាមួយ Arsenal ជាផ្លូវការ។

លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានគេរំពឹងថា មិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែអតីតក្លឹប Basel របស់ Calafiori ឈរលើជំហ៊រទាមទារប្រាក់ចំណេញចំនួន ៥០ភាគរយពី Bologna ប្រសិនបើកិច្ចព្រមព្រៀងណាមួយកើតឡើង។

សូមបញ្ជាក់ថា Calafiori បានចូលរួមជាមួយ Basel ក្នុងខែសីហា ឆ្នាំ២០២២ បន្ទាប់ពីគាត់បានចំណាយរយៈពេល ៤ឆ្នាំលេងឱ្យ Roma នៅ Serie A។ កីឡាករវ័យ ២២ឆ្នាំ បានចុះហត្ថលេខាជាមួយ Bologna កាលពីខែសីហាឆ្នាំមុន។

Calafiori អាចលេងជាខ្សែការពារកណ្តាល ឬខ្សែការពារឆ្វេង បានបង្ហាញខ្លួនក្នុង ៣០ប្រកួតសម្រាប់ Bologna ក្នុងរដូវកាល២០២៣-២៤ ។ រូបគេបានស៊ុតបញ្ចូលទី ២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៥ដង ដោយបានជួយឱ្យក្លឹបមានសិទ្ធិចូលរួមប្រកួតក្របខ័ណ្ឌ Champions League ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦៤ ផងដែរ៕

បញ្ចេញមតិ

អត្ថបទទាក់ទង